បញ្ហាបិទតីកតុកនៅអាមេរិកពេលនេះ បានឈានដល់ការព្រមានលើកចុងក្រោយហើយ ដោយសំណុំរឿងទាំងមូលបានបញ្ចូលដល់តុលាកំពូលអាមេរិក (Supreme Court) ដែលចៅក្រមកំពូលបានដាក់ការព្រមានលើកចុងក្រោយ ថាចង់ឬមិនចង់ TikTok ត្រូវតែលក់ឲ្យក្រុមហ៊ុនអាមេរិកគ្រប់គ្រងជំនួសវិញ បើពុំដូចច្នោះទេ TikTok នឹងត្រូវបិទចោលនៅអាមេរិក ត្រឹមថ្ងៃទី ១៩ ខែ មករា ២០២៥ នេះបើតាមការចុះផ្សាយពីព័ត៌មានអាមេរិកធំៗដូចជា Forbes និង Reuters ជាដើម ។
ក៏ប៉ុន្តែយ៉ាងណា តុលាកំពូលអាមេរិក នៅទុកឱកាសលើកចុងក្រោយម្តងទៀត ដើម្បីឱ្យតីកតុកប្រមូលសំណុំរឿងមកតវ៉ាក្តីឡើងវិញ ក៏ដូចជាចរចារលើលក្ខខណ្ឌទិញលក់ផ្សេងៗ មុនពេលកំណត់បិទតីកតុកមកដល់នៅខែមករា ២០២៥ ខាងមុខនេះ ។
វាសនាតីកតុកឥឡូវនេះ ស្ថិតនៅចំណុចស្លាប់-រស់ ដោយរដ្ឋាភិបាលអាមេរិកចោទប្រកាន់ថា TikTok គឺជា Spy App ដែលលួចប្រមូលព័ត៌មានអ្នកប្រើប្រាស់យ៉ាងសម្ងាត់ ដើម្បីបម្រើការងារនយោបាយឲ្យរដ្ឋាភិបាលចិន ដែលវាជាក្តីព្រួយបារម្ភធំមួយចំពោះសុវត្ថិភាពផ្នែកព័ត៌មាន និងឯកជនភាព សន្តិសុខជាតិ របស់សហរដ្ឋអាមេរិកទាំងមូល ដោយសារតែអ្នកប្រើ TikTok នៅអាមេរិកមានចំនួនដល់ទៅ ១៧០ លាននាក់ឯណោះ អញ្ចឹងទិន្នន័យជាច្រើនស្ថិតក្នុងដៃ TikTok ។
ក្នុងនោះដែរ កាលកំណត់ថ្ងៃបិទតីកតុកនេះ មិនទាន់យកជាសាច់ការបាន ១០០% ទេ ដោយសារតែពេលនេះ ចៅក្រមកំពូលរួមជាមួយសមាជិកចៅក្រម ៨ នាក់ទៀត កំពុងពិភាក្សា និងទុកពេលឲ្យមានការចរចារពីភាគីផ្សេងៗ ។
ប្រសិនបើ Justices Members នៅតែបន្តការពិភាក្សា នោះតុលាកំពូលអាមេរិក ត្រូវពន្យាពេលការអនុវត្តន៍ច្បាស់សិន អត់ទាន់ឲ្យបិទតីកតុកទេ ។
ការដែលគេកំណត់យកថ្ងៃ ១៩ ខែមករា ២០២៥ បិទតីកតុកនោះ ដោយសារគេចង់ឲ្យរឿងនេះចប់ដាច់ស្រេចមុនពេលដែលប្រធានាធិបតីត្រាំ (Donald Trump) ចូលកាន់ដំណែងពេញលេញនៅ White House ។
ពេលនេះ ប្រធានាធិបតីត្រាំ ក៏កំពុងចេញមុខ ជួយតវ៉ា និងបង្ហាញគោលជំហរការពារតីកតុកផងដែរ បន្ទាប់ជាប់ឆ្នោត ខណៈដែលកាលពីឆ្នាំ ២០២០ លោកត្រាំ ក៏ជាបុគ្គលតែមួយដែលបាន ដាក់សំណើរឲ្យបិទ TikTok នៅអាមេរិក ។