ចំណេះដឹងទីផ្សារអនឡាញ

មុខងារប៊ូសដោយប្រើ AI នៅលើហ្វេសប៊ុក, យកសាច់ការបានអត់? 

Less than a minute to read

ឆ្នាំ ២០២៤ នេះ Facebook Ads បានជម្រុញឲ្យអ្នកចាយលុយប៊ូសផុសទាំងអស់ ងាកទៅប្រើមុខងារឆ្លាតមួយដែលភាសាបច្ចេកទេសហៅថា Advantage+ Audience ខណៈដែលយើងហៅសាមញ្ញថា AI Boost ដើម្បីឲ្យស្រួលយល់ ។

យើងឲ្យឈ្មោះមុខងារថ្មីនេះថា AI Boost នោះក៏ដោយសារតែ Advantage+ Audience នេះ វាប្រើខួរក្បាលរបស់ AI វិភាគទិន្នន័យ ហើយរុញពាណិជ្ជកម្មដោយស្វ័យប្រវត្តិ (ដោយមិនបាច់ឲ្យយើងកំណត់អតិថិជនគោលដៅទេ) ទៅកាន់អ្នកប្រើហ្វេសប៊ុកដែលតែងតែអូសចុះអូសឡើងនៅលើ News Feed និងកន្លែងផ្សេងៗទៀតនៅលើបណ្តាញសង្គម Meta ។

មុខងារ Advantage+ Audience នៅពេលប៊ូសផុស

ចំពោះអ្នក ប៊ូសផុសនៅលើហ្វេសប៊ុក ប្រាកដអត់ថា មុខងារនេះឆ្លាតដូចគេថា ប្រើជាសាច់ការបាន?

ជាដំបូងអ្នកត្រូវយល់ពីដំណើរការរបស់ Advantage+ Audience សិន ។

បើតាមការស្រាវជ្រាវ ក៏ដូចជាបទពិសោធន៍ដែល Admin ប៊ូសដោយប្រើមុខងារនេះរាល់ថ្ងៃ អាចនិយាយបានថា AI វាអាចទាយដឹងពីអតិថជនគោលដៅរបស់អ្នកបាន ដោយសារ ទិន្នន័យ រួមមាន៖

  • ទិន្នន័យ ដែលអ្នកធ្លាប់ប៊ូសពីមុន (កំណត់ Detail Targeting ឬអតិថិជនគោលដៅទៅមនុស្សបែបណា)
  • ទិន្នន័យពីផេក ដែលអ្នកផុសរាល់ថ្ងៃ​ តើមនុស្សដែលចុច Like, Share, Comment ជាមនុស្សបែបណា
  • ទិន្នន័យ ពីមាតិកា ដែលអ្នកយកទៅប៊ូស (ជាកត្តាធំមួយ) ដែលអ្នកប៊ូសជាច្រើន មិនសូវខ្វល់ ខ្វល់តែរឿងកំណត់អតិថិជនគោលដៅ (Detail Targeting) ។ អត្ថបទក្រោយ Admin Think E-Marketing នឹងបកស្រាយពី ហេតុផលលម្អិត ត្រង់ចំណុចនេះ ។
  • កត្តាផ្សេងៗទៀត ដែល AI វាគិតថាសមហេតុផល

បើវិភាគតាម កត្តាសំខាន់ៗទាំងនេះ ការប្រើប្រាស់ AI របស់ Facebook Ads Manager មាន ២ លក្ខខណ្ឌ ៖

  1. លក្ខខណ្ឌល្អបំផុត ៖ សម្រាប់ផលិតផល ដែលមានតម្លៃធូរថ្លៃ មិនត្រូវការឲ្យគេគិតច្រើន ជាផលិតផលដែលមនុស្សជាច្រើនទទួលយកបាន មិនកំណត់ទាល់តែចំអតិថិជនគោលដៅ ១០០% ទេ ។ ឧទារហណ៍: ប៊ូសលក់ទុរេនសាច់សុទ្ធ ១ គីឡូ ៦០,០០០៛ អ្នកដែលអូសមកឃើញវីដេអូដែលអ្នកផុស មានទុរេនសាច់ធំៗ ទំនងញ៉ាំ ច្បាស់ណាស់ មនុស្សភាគច្រើនគឺចាប់អារម្មណ៍ ។ AI រុញពាណិជ្ជកម្មបន្តិច គឺយើងលក់បាន ។
  2. លក្ខខណ្ឌល្អបង្គួរ ៖ សម្រាប់ផលិតផល/សេវាកម្ម ដែលមានមាតិកាល្អ និយាយចំ ចំណុចរមាស់របស់អតិថិជនគោលដៅ ។ បើរួមបញ្ចូលគ្នា កត្តាសំខាន់ៗ (ដូចរៀបរាប់ខាងលើ) ជាមួយនឹងមាតិកាដែលអ្នកផលិតចាក់ចំបេះដូងអតិថិជនគោលដៅទៀតនោះ ការប៊ូសផុសដោយប្រើ AI នឹងដំណើរការល្អ ។
  3. លក្ខខណ្ឌមិនសូវល្អ ៖​ ផលិតផលដែលមានតម្លៃថ្លៃខ្លាំង ផលិតផលប្រណិត ផលិតផលទាមទារការសម្រេចចិត្តខ្ពស់ ទំនុកចិត្តខ្ពស់ ផលិតផលដែលថ្មីគេមិនទាន់ស្គាល់ ជាពិសេសគឺអាជីវកម្មដែលផ្តល់សេវាកម្មផ្សេងៗ ព្រោះថាការផ្តល់សេវាកម្ម ត្រូវការអតិថិជនគោលដៅច្បាស់លាស់ មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ។

បទពិសោធន៍ជាក់ស្តែង ៖ ការប្រើប្រាស់ Advantage+ Audience ភាគច្រើន AI វារុញពាណិជ្ជកម្មទៅមនុស្សទ្រង់ទ្រាយធំ (Broad Audience) ដែលភាគច្រើនពួកគេ ជាមនុស្សទូទៅ មិនមានចំណូលចិត្ត (Interest) ច្បាស់លាស់លើ រឿងអ្វីមួយទេ ដែលភាគច្រើន សកម្មភាពប្រើបណ្តាញសង្គមពួកគេគឺចម្រុះ ឃើញផុសអ្វីក៏ចុច Like, ឃើញវីដេអូអ្វីក៏ចូលមើល, គេផ្ទុះរឿងអ្វីគាត់ក៏ Share រឿងនោះតាមគេដែរ ។

នៅក្នុងអត្ថបទក្រោយ Admin នឹងពន្យល់ពីតិចនិកធំៗ ២ ដើម្បីប្រើមុខងារ AI នេះ ធ្វើការល្អ ដោយមិនឈរលើគោលការណ៍ “ជិះសេះប្រលែងដៃ” នោះទេ ។

10/06/24 Copyright @Think-emarketing 


Related Posts

ចំណេះដឹងទីផ្សារអនឡាញ

អស់គំនិតផលិតមាតិកា! ៣ ជំហានប្រើ AI បម្លែងគំនិតមាតិកាអ្នកដទៃឱ្យក្លាយជារបស់ផ្ទាល់ខ្លួន 

ម្ចាស់អាជីវកម្ម (រួមទាំងអ្នកផលិតមាតិកា) តែងតែជួបវិបត្តិ “អស់គំនិតធ្វើមាតិកាថ្មី” រហូតសម្រេចចិត្ត Copy វីដេអូ ឬ មាតិកា ពីគេមកផុសទាំងដុំ ដែលធ្វើឱ្យ Page...

ចំណេះដឹងទីផ្សារអនឡាញ

មានលុយកុំចេះតែជះ Boost! នេះជារូបមន្តបែងចែងថវិកា ៧០/២០/១០ ជួយរុញការលក់ 

កំហុសឆ្គងសម្រាប់ម្ចាស់អាជីវកម្មខ្នាតមធ្យម និងអ្នកលក់ផលិតច្រើនមុខ គឺចាយលុយលើ Boost សុទ្ធសាធ ដូចអ្នកលក់អនឡាញតិចតូច ។ នៅពេលដែលអ្នកដុតលុយ $10 ទៅ $20 ក្នុងមួយថ្ងៃលើផុសតែមួយមុខ...

ចំណេះដឹងទីផ្សារអនឡាញ

កុំទាន់ចុច Boost បើក្បាលវីដេអូគ្មាន Hook! ៣ ក្បាច់រៀបចំ Hook ៣ វិនាទីទាក់ម៉ូយ

អ្នកប្រើប្រាស់បណ្តាញសង្គមនាពេលបច្ចុប្បន្ន ចំណាយពេលត្រឹមតែ ១,៧ ទៅ ៣ វិនាទីប៉ុណ្ណោះក្នុងការសម្រេចចិត្តថាត្រូវអូសរំលង ឬបន្តមើលវីដេអូរបស់អ្នក ដែលមានន័យថា ទោះបីជាសាច់វីដេអូ និងការផ្តល់ជូនរបស់អ្នកល្អឥតខ្ចោះយ៉ាងណាក៏ដោយ បើក្បាលវីដេអូមិនអាចទាក់ទាញភ្នែកបានទេ ថវិកា...